ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

គ្រប់​យ៉ាង​ដូច​ដែល​គ្រប់​គ្នា​​បាន​ដឹង Real Madrid ជា​ក្លឹប​ធំ ហើយ​កីឡាករ​ម្នាក់​មិន​ងាយ​ស្រួល​ទេ​ក្នុង​ការ​ប្រជែង​យក​តំណែង​​លេង​ជម្រើស​ដំបូង ជាពិសេស​យុវជន​ដែល​ទើប​ឡើង​មក​ថ្មី។

ជាក់ស្ដែង​​កីឡាករ​៥​នាក់​ដែល​​នឹង​យក​មក​បង្ហាញ​​សុទ្ធ​តែ​ធ្លាប់​ជា​កីឡាករ​របស់ Madrid ប៉ុន្តែ​​ពួក​គេ​គ្មាន​សំណាង​បាន​លេង​ច្រើន​នៅ​ទី​នោះ​ទេ។ យ៉ាងណា​ ពួក​គេ​បាន​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្លឹប​ផ្សេង​ទៅ​វិញ ក្រោយ​ចាកចេញ​ពី​ Real។

១. ​Juan Mata

ដើម​ដំបូង​ជា​យុវជន​របស់​ក្រុម Real Oviedo មុន​ពេល​ផ្លាស់​មក​យុវជន​របស់ Real Madrid ក្នុង​ឆ្នាំ​២០០៣។ ២០០៦ គេ​បាន​ឡើង​មក​លេង​ក្នុង​ក្រុម Real Madrid ឈុត​ B បង្ហាញ​ខ្លួន​បាន​៣៩​ប្រកួត​ទាត់​ចូល​១០​គ្រាប់ មុន​ពេល​ផ្លាស់​ចេញ​ទៅ Valencia នៅ​ឆ្នាំ​បន្ទាប់។

ភាព​ល្បីល្បាញ​របស់ Mata ចាប់​ផ្ដើម​នៅ​ក្លឹប Valencia នេះ​ឯង ក្រោយ​មក​ផ្លាស់​ទៅ Chelsea និង Manchester United។

២. Samuel Eto’o

គ្រប់គ្នា​ប្រាកដ​ជា​ស្គាល់​កីឡាករ​សញ្ជាតិ​កាមេរ៉ូន​រូប​នេះ ពេល​ដែល​គេ​លេង​នៅ Barcelona។ ប៉ុន្តែ​អ្វី​ដែល​​មិន​ចាប់​អារម្មណ៍ Eto’o កើត​ចេញ​ពី​យុវជន​របស់ Real Madrid។​ ឆ្នាំ​១៩៩៦ Eto’o បាន​មក​ចូលរួម​ជាមួយ​យុវជន​របស់ Real Madrid។ ក្នុង​ឆ្នាំ​១៩៩៧ គេ​ក៏​បាន​ឡើង​មក​លេង​ក្រុម​ធំ តែ​លេង​បាន​​៣​ប្រកួត​ប៉ុណ្ណោះ ត្រូវ​ក្លឹប​សម្រេច​ឲ្យ​ក្លឹប​ល្មម​ៗនៅ​អេស្ប៉ាញ​ខ្ចី​ជើង​ មុន​ពេល Mallorca ទិញ​ដាច់។

៣.​ Fabinho

Fabinho ធ្លាប់​ត្រូវ​បាន​ Real Madrid ខ្ចី​ជើង​​ឲ្យ​មក​លេង​ក្នុង​ឈុត​យុវជន​ B ពី​ក្លឹប Rio Ave របស់​ប្រទេស​ព័រទុយហ្គាល់​ក្នុង​ឆ្នាំ​២០១២។ ឆ្នាំ ២០១៣ អំឡុង​ពេល​លោក Jose Mourinho នៅ​កាន់ Real Madrid លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​គេ​​លេង​នៅ​ក្រុម​ធំ​ជា​លើក​ដំបូង​ជួយ​ក្រុម​ឈ្នះ Malaga ៦-២។

បង្ហាញ​ខ្លួន​បាន​តែ​មួយ​ប្រកួត​នេះ​គត់ ក្រោយ​មក Fabinho ក៏​ទៅ​លេង​ឲ្យ Monaco ក្នុង​លីគ​កំពូល​របស់​បារាំង។

៤. Marcos Alonso

គេ​ចូលរួម​ហាត់​​ជាមួយ​យុវជន Real Madrid ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ឡើង​មក​លេង​ក្រុម B នៅ​ឆ្នាំ​២០០៨។ ២​ឆ្នាំ​បន្ទាប់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​​​បាន​​ឡើង​មក​លេង​ក្រុម​ធំ​របស់ Madrid តែ​ពិបាក​ប្រជែង​តំណែង​ពេក ក៏​ត្រូវ​ក្លឹប Bolton Wanderers ទិញ​យក និង​ល្បី​ឈ្មោះ​នៅ​​ក្លឹប Chelsesa។

៥. Roberto Soldado

Soldado មាន​ឈ្មោះ​បោះ​សំឡេង​ ពេល​ដែល​គេ​លេង​នៅ Valencia ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ដឹង​​គេ​កើត​ចេញ​ពី​យុវជន​ Real Madrid។​ កីឡាករ​វ័យ​៣៤​ឆ្នាំ​​ធ្លាប់​លេង​ឲ្យ​ Real Madrid B ១២០​ប្រកួត ទាត់​ចូល​៦៣​គ្រាប់។ ឆ្នាំ​២០០៦ បាន​ឡើង​មក​លេង​ក្រុម​ធំ​ តែ​លេង​បាន​​១៦​ប៉ុណ្ណោះ៕​

0 Comments

Leave a Comment