ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កាលពីសប្ដាហ៍មុន នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយអំពី ចំណុចខ្សោយខ្លះៗនៅក្នុងកម្មវិធី Zoom មានដូចជាកម្មវិធីនេះពុំមានប្រភេទ end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀតដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ។

ដោយសារការធ្វេសប្រហេសផ្នែកឯកជនភាព (Privacy)និង សន្តិសុខ (Security) នេះហើយបានជាក្រុមអ្នកវិនិយោគបានដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមហ៊ុន Zoom ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានលាក់បាំងនូវកំហុសបច្ចេកទេសទាក់ទងទៅនឹងផ្នែកសន្តិសុខ (Security) របស់កម្មវិធីដែលកត្តានេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះជាគំហុក នៅពេលដែលមានស្ថាប័នកាន់តែច្រើនឡើងបានបញ្ឈប់ការប្រើកម្មវិធីនេះរួមមាន កោះតៃវ៉ាន់ ក្រុមហ៊ុន SpaceX, Tesla, NASA, ថែមទាំងសាលារៀន (School District) ជាច្រើនទៀត។

ក្រៅពីបញ្ហាដែលបានផ្សព្វផ្សាយខ្លះៗរួចមកហើយ ក្រុមហ៊ុនក៏មានបញ្ហាជាច្រើនទៀតដូចជា ក្រុមហ៊ុនក៏ធ្លាប់បានបញ្ជូនទិន្នន័យឆ្លងកាត់ប្រទេសចិន ដែលធ្វើឱ្យមានការព្រួយបារម្ភទាក់ទងនឹងការរក្សារការសម្ងាត់ ព្រមទាំងបញ្ហា Zoombombing ផងដែរ។ Zoombombing គឺជាពាក្យដែលប្រើនៅពេលដែលជនអនាមិក ស្មានលេខសម្គាល់ប្រជុំត្រូវ ហើយគេអាចចូលទៅក្នុងពេលប្រជុំ និងអាចបង្ហាញនូវរូបភាពហឹង្សា ឬរូបភាពអាសអាភាសជាដើម។ ក្រុមហ៊ុនបានព្យាយាមកែតម្រូវបញ្ហានេះ ដោយប្រើលេខសម្ងាត់ និងបើកមុខងារ Waiting Rooms កាលពីចុងសប្ដាហ៍នេះ។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងតែធ្វើការកែសម្រួលមុខងារ end-to-end encrypted ប៉ុន្តែវាទាមទាររយៈពេលរាប់ខែទៀតឯណោះ មុននឹងត្រូវបានដាក់ឱ្យប្រើប្រាស់៕