ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប Inter Milan ត្រៀម​បញ្ជូន​ Alexis Sanchez ទៅ Manchester United វិញ ពេល​ចប់​រដូវ​កាល​នេះ ក្រោយក្លឹប​អស់សង្ឃឹម​នឹង​ខ្សែ​ប្រយុទ្ធ​ឈីលី​ ដែលមិន​អាចជួយ​ក្រុម​​បាន​ដោយសាររបួសញាំញី ខណៈ​​ប្រាក់​ខែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​របស់​គេ​នៅ​ទី​នេះ​ ទទួល​បាន៤សែន​ផោន​ក្នុង​មួយ​សប្ដាហ៍​​។

អតីត​កីឡាករ​ Arsenal ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ San Siro ហើយ​រូប​គេ​​មាន​អារម្មណ៍​វិជ្ជមាន​លើ​ក្រុម​របស់​លោក Antonio Conte ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយគេ​លេង​បាន​២​ប្រកួត​ប៉ុណ្ណោះ​នៅ Serie A ដោយសារ​តែ​របួស​កជើង។

កីឡាករ Sanchez រង​របួស​ក​ជើង​ធ្ងន់ធ្ងរ​ អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ ត្រូវ​សម្រាក​រយៈ​ពេល​៣​ខែ។

គួរ​រំលឹក​ដែរ​ថា Manchester United មាន​ក្ដី​សង្ឃឹម​ខ្លាំង​លើ Sanchez ពេល​ពួកគេ​ទិញ​​ជម្រើស​ជាតិ​ឈីលី​ទៅ​កាន់​ទឹក​ដី Old Trafford ពី Arsenal ក្នុង​ឆ្នាំ​២០១៨។ ក្រុម​បិសាច​ក្រហមសង្ឃឹម​រូប​គេ ​អាច​ជួយ​ពួកគេ​លើក​ពាន Premier League បាន ប៉ុន្តែ​មិន​ដូច​ការ​រំពឹង​ទុក។ Sanchez រកបាន​តែ​ ៥គ្រាប់​ប៉ុណ្ណោះ​គ្រប់​ការ​ប្រកួត​ទាំងអស់ មុន​ឱ្យ Inter ខ្ចី​ជើង​កាល​ពី​រដូវ​ក្ដៅ​មុន​៕ ​