ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លីគ​កំពូល​របស់​អាល្លឺម៉ង់ Bundesliga និង​លីគ​លំដាប់​ទី​ពីរ​​បាន​រក​ឃើញ​កីឡាករ​១០​នាក់​​តេស្ដ​វិជ្ជមាន​ Covid-19 បន្ទាប់​ពី​ធ្វើ​តេស្ដ​លើ​​៣៦​ក្លឹប​ដែល​ត្រៀម​បន្ត​រដូវ​កាល​ឡើង​វិញ។

គេ​បាន​ធ្វើ​តេស្ដ​​កីឡាករ​និង​បុគ្គលិក​១ ៧២៤​នាក់​​ចំនួន​២​ជុំ ខណៈ​ក្លឹប​ទាំង​អស់​​​បន្ត​​រៀបចំ​ការ​​ទីតាំង​ហ្វឹកហាត់​របស់​ពួក​គេ។ ក្នុង​នោះ​ក្លឹប Cologne ​ក្នុង​លីគ Bundesliga​ រក​ឃើញ​៣​ករណី។ ក្លឹប​ទាំង​អស់​​ត្រូវ​ហាត់​ជា​ក្រុម​តូច​ៗ ជាមួយ​នឹង​ការ​ធ្វើ​តេស្ដ​នេះ​រៀបចំ​ឡើង មុន​​​គម្រោង​ត្រលប់​ចូល​ហាត់​ជា​ក្រុម​ជុំ​គ្នា។

​ការ​ធ្វើ​តេស្ដ​នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​រក្សា​អនាម័យ​សម្រាប់​​លីគ​កំពូល​ទាំង​ពីរ​នៃ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ការ​ចាប់​ផ្ដើម​បន្ត​រដូវ​កាល​ ក្នុង​ពេល​ណា​មួយ​នៅ​ខែ​ឧសភា​នេះ។ ក្លឹប​ទាំង​អស់​មាន​ក្ដី​បារម្ភ​​ពី​ការ​ខូចខាត​ហិរញ្ញវត្ថុ ប្រសិន​បើ​​លីគ​បិទ​មិន​បន្ត​លេង​ទៀត។

Bundesliga គ្រោង​ជា​លីគ​កំពូល​ដំបូង​​គេ​នៅ​អឺរ៉ុប​ដែល​បន្ត​ការ​ប្រកួត​ឡើង​វិញ។ សម្រាប់​ថ្ងៃ​នៃ​ការ​វិលវិញ​អាច​​ថ្ងៃ​ទី​១៦​ឬ​២៣​ខែ​ឧសភា៕