ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

រថយន្ត Range Rover ជំនាន់​ថ្មី​ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​ម្ដង​ទៀត ដែល​មាន​បិទ​បាំង​រចនាបថ​​យ៉ាង​ជិត​​ទុក​ឲ្យ​ឃើញ​តែ​រាងរៅ​ប៉ុណ្ណោះ ​ហើយ​​ម្ដង​នេះ​វា​រត់​សាក​ល្បង​នៅ​តំបន់​​​Nürburgring Nordschleife ប្រទេស​អាល្លឺម៉ង់។

តាម​រយៈ​ការ​បង្ហាញ​រូបរាង​លើក​នេះ គេ​សង្កេត​ឃើញ​ចំណុច​ពិសេសៗ​មួយ​ចំនួន​ដែល​មាន​ផ្លាស់​ប្ដូរ​លើ​រថយន្ត Range Rover ជំនាន់​ថ្មី ដែល​ក្នុង​នោះ​មាន​ដូច​ជា​ដៃ​ទ្វា​ដែល​អាច​លឹប​ចូល​ក្នុង​តួ​ខ្លួន​រថយន្ត, ឃើញ​​ផ្នែក​ខ្លះៗ​នៃ​អំពូល​មុខ និង​ក្រោយ​ដែល​មាន​ការ​ឌីហ្សាញ​ថ្មី និង​រាងរៅ​របស់​រថយន្ត SUV ខ្នាត​ធំ​នេះ​មូល។

ត្បិត​ថា​នៅ​បន្ត​ប្រើ​ប្រាស់​រូបរាង​​ស្រដៀង​នឹង​ជំនាន់​មុន​ៗ​មែន ប៉ុន្តែ Range Rover ជំនាន់​ទី​ ៥ នេះ​នឹង​ផ្លាស់​ប្ដូរ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ Modular Longitudinal Architecture (MLA) ដែល​នឹង​មាន​ប្រើ​ប្រាស់​លើ Range Rover Sport ជំនាន់​ថ្មី និង Jaguar XJ ជំនាន់​ថ្មី​ផង​ដែរ។

គ្រោង​ឆ្អឹង​ថ្មី​នេះ​​អាច​​ឲ្យ Range Rover មាន​ទម្ងន់​ស្រាល​ជាង​មុន​បន្តិច ដែល​អាច​ឲ្យ​វា​បង្កើន​សន្ទុះ​បាន​កាន់​តែ​រហ័ស អម​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ផង​ដែរ។ Range Rover ថ្មី​រំពឹង​ថា​នឹង​មាន​ជា​ជម្រើស​ Hybrid, Plug-in Hybrid និង​ប្រភេទ​អគ្គិសនី​សុទ្ធ ហើយ​ក៏​មាន​ប្រភេទ PHEV ​ផង​ដែរ។

រថយន្ត Range Rover ជំនាន់​ថ្មី​​រំពឹង​ថា​អាច​នឹង​មាន​នៅ​តាម​ហាង​លក់​រថយន្ត​ក្នុង​អំឡុង​ឆ្នាំ ២០២១ ដែល​នឹង​លក់​ជា​ស៊េរី​ឆ្នាំ ២០២២៕​