ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​លោក ​Emmanuel Macron ​ប្រធានាធិបតី​បារាំង ​ចង់​ឱ្យ​លីគ​បាល់ទាត់​ធំ​ៗ​នៅ​អឺរ៉ុប ​រំសាយ​ចោល​ដូច​លីគ​បារាំង​ដែរ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ Covid-19 ​។

​កាល​ពី​ម្សិលមិញ​នេះ ​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡា​ទាំង​អស់​រហូត​ដល់​ខែ​កញ្ញា​ឆ្នាំ​២០២០​។ ​ដោយសារ​តែ​មាន​ការ​ណែនាំ​បែប​នេះ​ហើយ ទើប​បាន​ជា​លីគ​កំពូល​បារាំង ​និង​លីគ​លំដាប់​ទី​២ ​បាន​ប្រកាស​រំសាយ​ការ​ប្រកួត​ចោល​តែ​ម្ដង​សម្រាប់​រដូវ​កាល​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ទៀត​ថា​លោក Emmanuel Macron ​ថែម​ទាំង​ចង់​ឃើញ​លីគ​ដទៃ​ទៀត​រំសាយ​ចោល​ផង​ដែរ។ ​លោក ​ចង់​ឃើញ​ប្រទេស​អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី ​និង​អេស្ប៉ាញ ​ចូល​រួម​ទប់​ស្កាត់​មេរោគ Covid-19 ​ដោយ​រំសាយ​លីគ​រដូវ​កាល​នេះ​ចោល។ ​ដោយ​លោក​បាន​ឱ្យ​ក្រុម​ការងារ​ទៅ​ចូល​រួម​ប្រជុំ​ជាមួយ​ប្រទេស​នានា ដើម្បី​ប្រាប់​ពី​ហេតុផល​ដែល​ចង់​រំសាយ​លីគ​ចោល​រដូវ​កាល​នេះ៕