ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កាល​​ពី​ខែ​មករា ឆ្នាំ​២០២០​កន្លង​ទៅ Barcelona បាន​​ចុះហត្ថលេខា​​​លើ​កុងត្រា​​​​រយៈ​ពេល​៥​ឆ្នាំ យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Francisco Trincao ពី​ក្លឹប​ Braga ប្រទេស​ព័រទុយហ្គាល់ ក្នុង​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា ៤៣៥​លាន​ផោន។

លេង​ឱ្យ​ក្លឹប Braga ​គ្រប់​ការ​ប្រកួត​ទាំង​អស់រដូវ​កាល​នេះ ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ U21​ បង្ហាញ​ខ្លួន​បាន២៩​ដង និង​ស៊ុត​បញ្ចូល​ទី​បាន ៧គ្រាប់។

Francisco Trincao វ័យ​២០​ឆ្នាំ ដែល​នឹង​ទៅលេង​នៅ​ទឹកដី Camp Nou រដូវ​កាល​ក្រោយ គឺ​ជា​ Top-scorer (៥គ្រាប់) នៅ​ពាន​រង្វាន់ 2018 European Under-19 Championships ជា​ពេល​ប្រទេស​ព័រទុយហ្គាល់​លើកពាន ដោយ​ផ្ដួល​ប្រទេស​អ៊ីតាលី ក្នុងលទ្ធផលកាត់សេចក្ដី ៤-៣។ ​

បើ​តាម​គេហទំព័រ​ Goal ខ្សែ​ប្រយុទ្ធ​នេះ អាច​លេង​បាន​គ្រប់​តួនាទី​នៅ​តំបន់​ជួរ​មុខ ដែល​នឹង​ជួយ​​​​ក្លឹប​អ្នកមានបុណ្យ​បាន​ច្រើន ពេល​គេ​ផ្លាស់​ទៅ​ប្រទេស​អេស្ប៉ាញ​រដូវ​កាល​ក្រោយ។​

ថ្មីៗ​នេះ​តំណែង​កីឡាករ​មួយ​ចំនួន​របស់ Barcelona បាន​​​ផ្ដើម​រង្គោះរង្គើ​ខ្លាំង​ដូច​ជា Antoine Griezmann និង Philippe Coutinho ជា​ដើម ហើយ​ខ្សែ​ប្រយុទ្ធ Lautaro Martinez ​​របស់ Inter ត្រូវ​បាន​គេ​ភ្ជាប់​ខ្លាំង​​ថា​នឹង​មក​លេង​នៅ​​ក្លឹប​អ្នក​មាន​បុណ្យ និង​មាន​ពាក្យ​ចចាមអារ៉ាម​ទៀតថា Neymar នឹង​វិល​មក​វិញ​ បន្ទាប់​ពី​ផ្ទេរ​ទៅ PSG ក្នុង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​បាល់​ទាត់​​ពិភពលោក​ ២២២ លានអឹរ៉ូកាល​ពី​ឆ្នាំ ២០១៧៕