ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ដំណឹង​ថា Neymar ​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្រុម FC Barcelona ​វិញ ​នៅ​តែ​បន្ដ​កើត​ឡើង​ជា​និច្ច ដោយសារ​តែ​កីឡាករ​ប្រេស៊ីល​នេះ ​តែងតែ​បង្ហាញ​ថា​កាយ​វិការ​ចង់​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ។

ជាក់​ស្ដែង​កាល​ពី​រដូវ​កាល​មុន សាមី​ខ្លួន​ជា​អ្នក​ចង់​ទៅ​ក្រុម Barcelona ​វិញ​ផ្ទាល់​តែ​ម្ដង។ ​តែ​ដោយសារ​ក្រុម PSG ​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ខ្ពស់​ពេក ​ទើប​បាន​ជា​ការ​ផ្ទេរ​ណា​មួយ​មិន​អាច​កើត​មាន​ឡើង​បាន​នោះ​ទេ។ ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ក្រុម PSG ​ក៏​មាន​គម្រោង​តំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​ឱ្យ Neymar ​ដើម្បី​រក្សា​រូបគេ​ទុក​ផង​ដែរ។

​បច្ចុប្បន្ន​នេះ ​កីឡាករ​ប្រេស៊ីល​ទទួល​បាន​ប្រាក់​៤៤​លាន​ផោន​ក្នុង​១​រដូវ​កាល​ពី​ក្រុម PSG ​ហើយ​ប្រសិន​ណា​បើ​មាន​បន្ដ​កុងត្រា​ថ្មី​ណា​មួយ​ទៀត រូបគេ​នឹង​ទទួល​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ Neymar ​ជា​កីឡាករ​ទី​៣​នៅ​លើ​លោក ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​បំផុត ​បន្ទាប់​ពី Messi ​និង Ronaldo។ ​

​តែ​ប្រសិន​ណា​បើ Neymar ​ពិត​ជា​ចង់​ចាកចេញ​ទៅ FC Barcelona ​វិញ​ឱ្យ​ទាល់​តែ​បាន​មែន ​នោះ​រូបគេ​នឹង​ត្រូវ​ខាត​បង់​ប្រាក់​រាប់​លាន​ផោន​មិន​ខាន។ ​ប្រភព​បាន​ព្យាករណ៍​ថា​ទៅ​ក្លឹប​អ្នក​មាន​បុណ្យ​វិញ ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នឹង​មិន​ទទួល​បាន​តម្លៃ​ពលកម្ម​ច្រើន​ដូច​នៅ PSG ​នោះ​ទេ។ រូបគេ​អាច​នឹង​បាត់​ជាង​១០​លាន​ផោន​ក្នុង​១​រដូវ​កាល​មិន​ខាន។ ​តែ​ការ​ខាត​បង់​ប្រាក់​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ វិញ ​ដូច​កាល​ពី​មុន​អីចឹង៕