ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Bayern Munich និង​ខ្សែ​បម្រើ​ប្រយុទ្ធ Leroy Sane បាន​យក​ព្រម​​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ។ នៅ​ពេល​​នេះកិច្ចសន្យា​ផ្ទាល់​ខ្លួន​​​ត្រូវ​បាន​ពិភាក្សា​រួចរាល់ នៅ​ឡើង​តែ​ Bayern ត្រូវ​និយាយ​ថ្លៃ​គ្នាជាមួយ Manchester City ប៉ុណ្ណោះ។ នេះ​បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Sport Bild ចុះ​ផ្សាយ។

ប្រភព​ខាង​លើ​បញ្ជាក់​ថា Bayern បាន​ដាក់​តម្លៃ​ទិញ​៤០​លាន​អឺរ៉ូ​ ខណៈ​រដូវ​កាល​មុន Man City ចង់​លក់ Sane​ ដល់​ទៅ​១០០​លាន​អឺរ៉ូ​ឯណោះ។ ជាការ​ពិត​តម្លៃ​នេះ​តិច​ជាង​១០​លាន​អឺរ៉ូ ពេល​ដែល City ទិញ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ពី Schalke កាល​ពី​ឆ្នាំ​២០១៦។

Bayern ជឿជាក់​ថា​ការ​ប្ដេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ Sanéចំពោះ​ការ​ផ្ទេរ​នេះ​នឹង​ដាក់​សម្ពាធ​បន្ថែម​លើ Man City ក្នុង​ការ​លក់​រូបគេ​ក្នុង​តម្លៃ​ទាប។ សម្រាប់ Bayern ផ្ទាល់​ហ៊ាន​ពិចារណា​ត្រឹម​តម្លៃ​ក្រោម​៦០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

Sane វ័យ​២៤​ឆ្នាំ​បាន​ចំណាយ​ពេល​៤​រដូវ​កាល​​នៅ​ជាមួយ Manchester City បង្ហាញ​ខ្លួន​បាន​៨៩​ប្រកួត​នៅ Premier League​ រក​បាន​​២៥​គ្រាប់។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​២០១៩-២០ គេ​មិន​បាន​បង្ហាញ​ខ្លួន​មួយ​ប្រកួត​សោះ​ក្នុង​លីគ​ឲ្យ City ដោយ​សារ​តែ​មាន​បញ្ហា​របួស​ ពេល​លេង​ទល់ Liverpool ពាន Community Shield៕