ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កាល​ពី​ថ្ងៃ​សុក្រ​ Apple និង Google បាន​ប្រកាស​អំពី​ប្រព័ន្ធ​មួយ​សម្រាប់​តាមដាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​តាម​រយៈ​ Bluetooth រយៈ​ចម្ងាយ​ជិត​ និង​តាម​រយៈ​កម្មវិធី​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​​ស្ថាប័ន​សុខាភិបាល។

ប្រព័ន្ធ​នេះ​ឈ្មោះ​ថា​ Contact Tracing ហើយ​បើ​តាម​ការ​រៀប​រាប់​ត្រួសៗ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​​យក្ស​ទាំង​ពីរ វា​​ប្រើ​ប្រាស់​នូវ​ Bluetooth ចម្ងាយ​ជិត​ដើម្បី​តាមដាន​និង​ចែក​រំលែក​ទិន្នន័យ​រវាង​ស្មាតហ្វូន​ដែល​ស្ថិត​នៅ​ជិតៗ​គ្នា។ នៅ​ពេល​ដែល​​ដឹង​ថា​ខ្លួន​មាន​ជំងឺ​កូវីដ​១៩ អ្នក​ប្រើ​ប្រាស់​អាច​រាយការណ៍​តាម​រយៈ​កម្មវិធី ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​បាន​ដឹង​ថា​ពួក​គេ​ធ្លាប់​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​អ្នក​ជំងឺ​នោះ​ឬ​អត់។

នៅ​​ពាក់​កណ្ដាល​​ខែ​ឧសភា​ខាង​មុខ ក្រុមហ៊ុន​ទាំងពីរ​នឹង​រួម​គ្នា​បញ្ចេញ​នូវ API ​ ដែល​នឹង​អនុញ្ញាត​​ឲ្យ​​ឧបករណ៍ iOS និង Android អាច​ធ្វើ​​ការ​ទំនាក់ទំនង​នឹង​គ្នា​ដោយ​ផ្ទាល់​តាមរយៈ​ Bluetooth។ អំឡុង​ដំណាក់​កាល​នេះ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​ធ្វើ​ការ​ទាញ​យក​កម្មវិធី​ដើម្បី​ចូល​រួម​ក្នុង​ Contact Tracing នេះ។ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ខែ​ក្រោយ​ បន្ទាប់​ពី API សម្រេច​រួច​រាល់ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ការ​បង្កើត​មុខងារ Tracing នេះ​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ទាញ​យក​ឡើយ។​គួរ​ដឹង​ថា​​ខណៈ​ពេល​នេះ Apple និង Google នៅ​កំពុង​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​សុខភាព និង​ម្ចាស់​ភាគហ៊ុន​ដទៃ​ទៀត​អំពី​ការ​ដំណើរ​ការ​ប្រព័ន្ធ​​នេះ ព្រោះ​ថា​វា​ជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​មាន​ភាព​ស្មុគស្មាញ​បំផុត៕​

0 Comments

Leave a Comment