ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Patrice Evra អតីត​ខ្សែ​ការពារ​របស់ Manchester United បាន​បើក​កកាយ​រឿង​ជម្លោះ​រើសអើង​ពូជសាសន៍​​ជាមួយ​នឹង Luis Suarez​ កាល​ពី​ឆ្នាំ​២០១១ រហូត​មាន​ការ​គំរាម​សម្លាប់​ពី​អ្នក​គាំទ្រ Liverpool ដែល​នៅ​ក្នុង​គុក។

អតីត​ខ្សែ​ការពារ​ឆ្វេង​បង្ហើប​ថា គេ​បាន​ជួល​អង្គរក្ស​ការពារ​ដើរ​តាម ​ពេល​ដែល​ចេញ​ដំណើរ​ទៅ​ណា​មក​ណា​ម្ដង​ៗ បន្ទាប់​ពី​ទទួល​បាន​សារ​​គំរាម​ពី​អ្នក​គាំទ្រ​របស់​ហង្សក្រហម​​ដែល​បាន​​បញ្ជាក់​ថា ពួក​គេ​នឹង​សម្លាប់ Evra និង​គ្រួសារ ពេល​ដែល​ពួក​គេ​ចេញ​ពី​គុក។

អំឡុង​​ការ​ប្រកួត​មួយ​រវាង​ Liverpool និង Manchester United កាល​ពី​ខែ​ តុលា ឆ្នាំ ២០១១ Evra និង Suarez បាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា ដោយ​កាល​នោះ​កីឡាករ​សញ្ជាតិ​បារាំង​បាន​ចោទ​ខ្សែ​ប្រយុទ្ធ​របស់​ហង្សក្រហម​​បាន​​ និយាយ​ពាក្យ​រើសអើង​ពូជសាសន៍​ (N-word) មក​លើ​គេ។ គ្រា​នោះ Suarez ត្រូវ​បាន FA ដាក់​ពិន័យ​មិន​ឲ្យ​លេង​៨​ប្រកួត។

​Evra បាន​រំឭក​ពី​សារ​គួរ​ឲ្យ​ភ័យ​ខ្លាច​ថា៖ “Manchester United ទទួល​បាន​សំបុត្រ​​គំរាម​ជា​ច្រើន​អំពី​ខ្ញុំ។ ពួក​គេ​ទាំង​នោះ​បាន​និយាយ​ថា ពួក​គេ​កំពុង​នៅ​ក្នុង​គុក ហើយ​ជា​អ្នក​គាំទ្រ​របស់ Liverpool។ ពេល​ដែល​​ចេញ​ពី​គុក​និង​សម្លាប់​ខ្ញុំ​ព្រម​ទាំង​គ្រួសារ។ រយៈពេល​២​ខែ ខ្ញុំ​​មាន​អង្គរក្ស​ការពារ​គ្រប់​ទី​កន្លែង ពេល​ដែល​ចេញ​ទៅ​ណា។ ពួក​គេ​​បាន​ដេក​នៅ​មុខ​ផ្ទះ​របស់​ខ្ញុំ​ដើម្បី​ការពារ។ គ្រប​់ទី​កន្លែង​ដែល​ខ្ញុំ​ទៅ​អង្គរក្ស​​តែង​ដើរ​តាម​ជា​និច្ច”។

គេ​នៅ​ចាំ​បាន​​ថា នៅ​ប៉ុន្មាន​ខែ​បន្ទាប់ ពេល​ដែល​ក្រុម Man Utd​ និង Liverpool ជួប​គ្នា​ម្ដង​ទៀត Suarez បាន​បដិសេធ​មិន​ចាប់​ដៃ Evra ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​មិន​ភ្លេច៕