ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

អ្នក​ចាំទី Karius ​បាន​ប្រកាស​ចាកចេញ​ពី​ក្រុម Besiktas ​មក​លេង​ឱ្យ​ក្រុម Liverpool ​វិញ​ហើយ ​ក្រោយ​ពី​រូបគេ​បាន​ឈ្លោះ​គ្នា​ដោយសារ​តែ​បញ្ហា​មិន​ព្រម​ឱ្យ​ប្រាក់​ឈ្នួល។

​អ្នក​ចាំទី​ដែល​ល្បី​ខាង​របូត​គ្រាប់​បាល់​ខាង​លើ​នេះ ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា​៖ “វា​ជា​រឿង​គួរ​ឱ្យ​ខ្មាសអៀន​ណាស់​ដែល​និយាយ​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ដោះស្រាយ​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​ជា​ច្រើន​ដង​មក​ហើយ ដើម្បី​រក​វិធី​បញ្ចប់​ដោយ​សន្តិភាព។ តែ​មិន​សំណាង ពួកគេ​មិន​បាន​ដោះស្រាយ​អ្វី​នោះ​ទេ ដោយ​សូម្បី​តែ​សំណើ​សុំ​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ជួយ​ក្លឹប​នេះ​ក៏​ដោយ”។

​ដោយ​ឡែក​សម្រាប់​លោក Erdal Torunogullari ​ដែល​ជា​ប្រធាន​ក្លឹប Besiktas ​វិញ ​ក៏​បាន​និយាយ​ចំពោះ​បញ្ហា​ប្រាក់​ឈ្នួល​ខាង​លើ​នេះ​ដែរ​ថា​លោក​នឹង​មិន​ផ្ដល់​ប្រាក់​ទៅ​ឱ្យ​កីឡាករ​ណា​ដែល​មិន​បាន​លេង ​ហើយ​មិន​ចង់​ជួយ​ក្រុម​នោះ​ទេ។ ​Karius ​អាច​ចាកចេញ​បាន​គ្រប់​ពេល ​លោក​មិន​ចំណាយ​លុយ​ទៅ​លើ​កីឡាករ​ដែល​មិន​សម​ទទួល​ឡើយ។

​រំលឹក​ថា Karius ​ជា​អ្នក​ចាំទី​ដែល​ក្រុម Liverpool ​ឱ្យ​ក្លឹប​ Besiktas ​ខ្ចី​ជើង​តាំង​ពី​ឆ្នាំ ២០១៨​មក ក្រោយ​ពី​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ ​បាន​បង្ក​កំហុស​ធ្វើ​ឱ្យ Liverpool ​ចាញ់​ក្រុម Real Madrid ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​៕