ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Xavi អតីត​ខ្សែ​បម្រើ Barcelona បាន​ឱ្យ​ដឹង​ថា Lionel Messi នឹង​អាច​លេង​បាល់​បាន​រហូត​ដល់​អាយុ​ជិត​៤០​ឆ្នាំ ព្រោះ​តារា​ឆ្នើម​រូប​នេះ​នៅ​តែ​លេង​ល្អ​ទាំង​ក្លឹប និង​ជម្រើស​ជាតិ​អាហ្សង់ទីន។

ក្នុង​អំឡុង​ពេល​ឆាត​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Samuel Eto’o ក្នុង​បណ្ដាញ​សង្គម Instagram ថ្មីៗនេះ គ្រូ​បង្វឹក​របស់​ក្លឹប Al Sadd បាន​ឱ្យ​ដឹង​យ៉ាងដូច្នេះ ៖«គាត់​មើល​ថែ​ខ្លួន​បាន​ល្អ ហើយ​អាច​លេង​បាន​រហូត​ដល់​អាយុ ៣៧, ៣៨ ឬ ៣៩​ឆ្នាំ។ ខ្ញុំ​ជឿជាក់​ថា គាត់​នឹង​លេង World Cup ​នៅ Qatar»។

កីឡាករ​របស់ Al Sadd រូប​នេះ​បន្ត​ទៀត​ថា បើ​សិន Messi ​លេង​បាន​យូរ​ដល់​ចំណុច​នោះ រូប​គេ​អាច​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​របស់ Barcelona ក៏​ថា​បាន​។

ម្ចាស់​ពានរង្វាន់ Ballon d’Or ៦​សម័យ​កាល វ័យ​៣២​ឆ្នាំ ជា​តារា​ឆ្នើម​​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់។ រដូវ​កាល​នេះ​គេ​រក​បាន ២៤គ្រាប់ គ្រប់ការប្រកួតទាំងអស់ឱ្យ Barcelona មុន​​បាល់​ទាត់​អេស្ប៉ាញ​ ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ ដោយសារ​ជំងឺ​រាតត្បាត​កូរូណា។

គួរបញ្ចាក់ថា Xavi ជាកីឡាករ​កើត​ចេញ​ពី​ថ្នាល់​យុវជន Barcelona B។ ​គេ​លេង​នៅ Barcelona B បាន ៥៥ប្រកួត រកបាន ៣គ្រាប់ ចាប់​ពី​ឆ្នាំ​ ១៩៩៧ ដល់ ១៩៩៩ និង​លេងឱ្យឈុត​ធំ ៥០៥ប្រកួតរកបាន ៥៨គ្រាប់ ចាប់ពីឆ្នាំ​១៩៩៨ ដល់​ឆ្នាំ ២០១៥។ ឆ្នាំ​២០១៥​ ដល់ ២០១៩ គេ​លេងឱ្យ​ក្រុម Al Sadd បាន ៨២ប្រកួត រកបាន ២១គ្រាប់។ Xavi មិន​ត្រឹម​ជា​កីឡាករ​ទេ គេ​ថែម​ទាំង​ជា​គ្រូ​របស់​ក្លឹប Al Sadd ផង​ដែរ៕