ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ខ្សែ​ប្រយុទ្ធ Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា ​ចង់​ឱ្យ​ក្លឹប​អ្នក​មាន​បុណ្យ​ចុះ​កុងត្រា​យក Neymar ព្រោះ​គេ​ចង់​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ប្រេស៊ីល​ជាង Lautaro Martinez មិត្ត​រួម​​ជាតិ​​អាហ្សង់ទីន​របស់​គេ​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ។

ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល Neymar បាន​​លេង​ជាមួយ Messi តាំង​ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ ​២០១៧ មក​ម្ល៉េះ ហើយ​ពួកគេ​ទាំង​ពីរ ​លេង​ស៊ីចង្វាក់​គ្នា​ណាស់។ លេង​ជាមួយ​ម្ចាស់​ជើងឯក Ballon D’or ៦​សម័យ​កាល និង​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Suarez ដល់​ឆ្នាំ​២០១៧ Neymar ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ ​ជោគជ័យ​ម្នាក់​លើ​ពិភពលោក ដោយ​កាលនោះគេ​រក​បាន​ ១០៥គ្រាប់​ឱ្យ​​ក្លឹប​គូប្រជែង Real Madrid។ ​​

យ៉ាងណា​ប្រភព​មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា ហេតុ​អ្វី​បាន Messi ចង់​បាន​ខ្សែ​ប្រយុទ្ធ PSG ជាង​ខ្សែ​ប្រយុទ្ធ Inter Milan ដែល​ជា​មិត្ត​រួម​ជាតិ​របស់​គេ​នោះ ហើយ​ព័ត៌មាន​នេះ​ដែរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា អាច​ជា​រឿង​អាក្រក់​សម្រាប់ Martinez ក្នុង​ការ​មក​លេង​ឱ្យ​ក្លឹបនៅ Li Liga។

Neymar បាន​ផ្លាស់​ទៅ PSG ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក ១៩៨លាន​ផោន​ក្នុង​ឆ្នាំ​២០១៧ ហើយ​ថ្មីៗ​នេះ មាន​ព័ត៌មាន​ភ្ជាប់​រូប​គេ​​ចង់​មកលេងនៅ​ Camp​ Nou វិញ ស្របពេល Barca ក៏​កំពុង​រក​កីឡាករ​មក​ជំនួស Suarez ដែល​កំពុង​សម្រាក​រង​របួស។

ចំណែក Barcelona ក៏​ត្រូវ​​​គេ​ភ្ជាប់​ថា​ចង់​បាន​​ Martinez ខ្លាំង​ណាស់​ដែរ ប៉ុន្តែ​ដោយ​មាន​វិបត្តិ​កូរ៉ូណា​មួយ​រយៈ​នេះ កញ្ចប់​​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ត្រូវ​បាន​គេ​សួរ​នាំ​។