ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Xavi អតីត​ខ្សែ​បម្រើ Barcelona បាន​បង្ហាញ​ការ​គាំទ្រ និង​សង្ឃឹម Neymar ខ្សែប្រយុទ្ធ PSG ត្រឡប់​មក​ទឹកដី Camp Nou វិញ។

Xavi គ្រូ​បង្វឹក​ក្លឹបកាតា Al-Sadd

គ្រូ​បង្វឹក​ក្លឹបកាតា Al-Sadd បាន​បញ្ជាក់​បែប​នេះ ៖«ហេតុអី​មិន​អាច? ខ្ញុំ​គ្មាន​អីត្រូវសង្ស័យ​ទេ ខ្ញុំ​បាន​នៅ​​ក្នុង​បន្ទប់​​ផ្លាស់​សំលៀកបំពាក់​ជា​មួយ​គាត់ ​គាត់​ជា​មនុស្ស​ដ៏អស្ចារ្យ​ម្នាក់​។ គាត់​ធ្លាប់​ជា​កីឡាករ​អាជីព​​នៅ​ Barcelona ហើយ​គាត់នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​»។ ​​​

ក្នុង​បទសម្ភាសន៍​ជាមួយ DjMariiO ក្នុង YouTube អតីត​ខ្សែ​បម្រើ​ឆ្នើម​អេស្ប៉ាញរបស់​ក្លឹប​អ្នកមាន​បុណ្យ បាន​ចាត់​ទុកខ្សែ​ប្រយុទ្ធ​របស់​ប្រេស៊ីល​ ជា​កីឡាករ​​លើទីលានល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម ៥នាក់​លើ​ពិភពលោក។

Neymar វ័យ​២៨​ឆ្នាំ ត្រូវ​បាន​ភ្ជាប់​​ជា​មួយ​ការ​វិល​ត្រឡប់​មក​ក្លឹប​ចាស់នៅ La Liga វិញ ក្រោយ​លេចដំណឹង​រូប​គេ​ចង់​ចេញ​ពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain។

ចំណែកក្លឹប​នៅ​តំបន់​កាតាឡាន់​​ថ្មីៗ​នេះ មាន​លេច​ឮ​ដំណឹង​ថា ចង់​បាន​កីឡាករ​​អាហ្សង់ទីន Lautaro Martinez ​ខ្សែ​ប្រយុទ្ធ​របស់ Inter Milan មក​រួម​ក្រុម ប៉ុន្តែ​លទ្ធផល​យ៉ាងណា​គេ​មិន​ទាន់​ដឹង​ រង់ចាំ​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នា​ពេល​ខាងមុខ។

ជាមួយ​ដំណឹង​នេះ Xavi វ័យ​៤០​ឆ្នាំដែល​ត្រូវ​បាន​គេ​ភ្ជាប់​ថា​នឹង​មាន​ការងារ​នៅ​ក្លឹប​អ្នកមានបុណ្យ​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ក៏​បាន​កោតសរសើរ​ពី​គុណភាព​របស់ Martinez បែប​នេះ ៖ «ខ្ញុំ​ចូល​ចិត្ត​គាត់។ គាត់​លេចធ្លោ គាត់រឹង​ លេង​ចេះរក​កន្លែង​ទូលាយ»។

គួរបញ្ជាក់ថា Neymar Jr. បានផ្ទេរ​ចេញ​ពី​ក្លឹប​អ្នកមានបុណ្យ Barcelona ទៅ PSG នៅ​ក្នុង​ឆ្នាំ ២០១៧ ក្នុងតម្លៃ​ខ្លួនថ្លៃបំផុត ១៩៩ លាន​ផោន៕